ព័ត៌មានជាតិ

លទ្ធផលនៃការចុះល្បាតរបស់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកក្នុងរយៈពេល៤ថ្ងៃ

ខេត្តមណ្ឌលគិរី ៖ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងគាំទ្រដោយអង្គការ WWF នៅក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានចុះល្បាតរួមគ្នាក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ ក្នុងនោះបានទប់ស្កាត់សកម្មភាពចូលក្នុងតំបន់ស្នូល ដោយគ្មានការអនុញ្ញាត ហើយបានធ្វើកិច្ចសន្យា និងអប់រំណែនាំមនុស្ស៤នាក់កុំឲ្យប្រព្រឹត្តបទល្មើសនិងចូលក្នុងតំបន់ហាមឃាត់ដោយគ្មានការអនុញ្ញាត។

ក្នុងប្រតិបត្តិការចុះល្បាតរបស់មន្រ្តីឧទ្យានុរក្សនេះផងដែរ មន្រ្តីឧទ្យានុរក្សបានរុះរើជំរំក្រុមជនសង្ស័យមួយក្រុមដែលធ្វើសកម្មភាពបរបាញ់សត្វព្រៃ នៅចំណុចភ្នំលូងឈូង ស្ថិតក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃស្រែពក និងរុករកឃើញកាំភ្លើងកែច្នៃ (អាវុធឆ្នុកដូង) ចំនួន១ដើម ដែលជនសង្ស័យលាក់ទុកក្នុងដើមស្រឡៅ១ដើម និងបានដោះប្រមូលនិងសាអន្ទាក់ខ្សែកាបបានសរុបចំនួន២០៣ខ្សែ ថែមទាំងប្រទះឃើញសំណាកសត្វព្រៃ (ក្ងោក ឈ្លូស និងកាំប្រមា) មួយចំនួនបន្ថែមក្នុងជំរំនេះផងដែរ ហើយត្រូវបានក្រុមការងារប្រមូលយកទៅដុតបំផ្លាញចោលនៅកន្លែងកើតហេតុ។

ក្រោយពីសកម្មភាពចុះល្បាត មន្រ្តីឧទ្យានុរក្សបានឆៀងចូលទៅពិនិត្យមើលទីតាំងដែលបំពាក់កាមេរ៉ាស្វ័យប្រវត្តិចំនួន១០ទីតាំងផងដែរ ដែលបានផ្ដិតយករូបភាព និងសកម្មភាពនៃការបន្លាស់ទីរបស់សត្វព្រៃ៕

kpc

Leave a Reply

Your email address will not be published. Required fields are marked *