ព័ត៌មានជាតិ

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី អញ្ជើញពន្លត់ភ្លើងជ័យក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៧កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១១ ខែ​ វិច្ឆិកា ​ឆ្នាំ​២០២១។

 ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

បន្ទាប់ពីភ្លើងជ័យដែលត្រូវបានប្រទានដោយព្រះករុណាព្រះមហាក្សត្រ ក្នុងរយៈពេលបីថ្ងៃ (ថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២១) នៅវិមានឯករាជ្យ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យនោះ ពិធីពន្លត់ភ្លើងជ័យក៏ត្រូវបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យាងនិងអញ្ជើញ ក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យនេះដែរ មានវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាអង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស យ៉ាងច្រើនកុះករ។

ពិធីពន្លត់ភ្លើងជ័យ ត្រូវបានពន្លត់ដោយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅលើវិមានឯករាជ្យ ដែលអមដំណើរដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង ។

បន្ទាប់ពីសម្ដេចព្រះសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃ និងព្រះរាជាគណៈ៩អង្គស្វាធ្យាយជយន្តោ និងការគោរពទង់ជាតិបិទកម្មវិធី ដោយមាននាយទាហាន ៨រូប ស្រាយទង់ជាតិ បត់ស្អាត ហើយ ដើរដង្ហែឆ្ពោះទៅកាន់អង្គភាពកងកិត្តិយស-ត្រែទ័ព រួចមក សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ក៏បានអញ្ជើញតាមរថយន្ត ដើម្បីសំណេះសំណាលសាកសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ អង្គទូត និងកងកម្លាំងប្រដាប់អាវុធ កាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកានេះផងដែរ។

គួររម្លឹកថា ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ច របស់អតីតព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និង ព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីអាណានិគមបារាំង។ តាមប្រវត្តិសាស្ត្រ បារាំងបានដាក់អាណានិគម គ្រប់គ្រងលើប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបប្រទេសបារាំង ប្រកាសប្រគល់ឯករាជ្យពេញលេញដល់កម្ពុជាវិញ។

ប្រទេសកម្ពុជាក្រោយពីទទួលបានឯករាជ្យ ដោយមានព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើមបានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ កូនចៅប្រជានុរាស្រ្តកម្ពុជាគ្រប់ៗរូបសូមចងចាំ និងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិនិងប្រជារាស្រ្តកម្ពុជា៕

information.gov.kh

 

kpc

Leave a Reply

Your email address will not be published. Required fields are marked *