ព័ត៌មានជាតិ

បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ចំនួន៣ថ្ងៃ មានភ្ញៀវជិត ៤លាន ៦សែននាក់ ចេញដើរកម្សាន្តទូទាំងប្រទេស

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២៨,៨៤៩នាក់។

ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១៖ ភ្ញៀវមានចំនួន៨៦២,៨៩៧នាក់ ,ថ្ងៃទី២៖ ភ្ញៀវមានចំនួន១,៥៧៩,២៥១នាក់ និងថ្ងៃទី៣៖ ភ្ញៀវមានចំនួន២,១៤៨,១៧៨នាក់។

ឯកឧត្តមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖

ខេត្តបាត់ដំបង ៥៦៥,៦១៨នាក់,ខេត្តកំពង់ចាម ៥១៤,៤៤៧នាក់,ខេត្តសៀមរាប ៤០០,៥៩១នាក់, ខេត្តបន្ទាយមានជ័យ ៣៨៨,២៧៣នាក់, ខេត្តព្រៃវែង ៣៨២,៨៦៧នាក់, ខេត្តកំពង់ស្ពឺ ៣៣១,៨០៩នាក់,ខេត្តពោធិ៍សាត់ ២៩៨,០៣៧នាក់,

ខេត្តកំពង់ឆ្នាំង ២៧៥,៤០០នាក់,ខេត្តកំពត ២៥៤,២៧០នាក់,ខេត្តព្រះសីហនុ ២៣២,២៦៤នាក់ និងរាជធានីភ្នំពេញ ២២២,២២០នាក់។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី៣ នៅបន្តមានភាពផុសផល និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី២។ ជាក់ ស្តែង តួលេខថ្ងៃទី៣នេះបន្តកើនឡើងរហូតដល់ប្រមាណ ៣៦.០២% ធៀបនឹងថ្ងៃទី២។ សរុបថ្ងៃទី១ និងទី២ ចរន្តភ្ញៀវនាពេលចូលឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំ២០១៩ដែលមិនទាន់មានជំងឺកូវីដ ប៉ុន្តែសម្រាប់ថ្ងៃទី៣នេះ ដោយសារមានភ្លៀងធ្លាក់ពីតិចទៅច្រើននៅគ្រប់ខេត្ត ធ្វើឱ្យភ្ញៀវមានចំនួនតិចជាងឆ្នាំ២០១៩។ ដូច្នេះសរុបរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ២៥៦៦នេះ មានភ្ញៀវ ប្រហាក់ប្រហែលនឹង៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីឆ្នាំ២០១៩ (ដែលមានចំនួនប្រមាណ៤,៧២៦,៦០២នាក់)។

ឯកឧត្ដមបានបន្តទៀតថា បណ្តាខេត្តដែលមានរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត កម្មវិធីកម្សាន្តសប្បាយទាំងពេលថ្ងៃ និងពេលយប់ និងគោលដៅទេសចរណ៍ ទាំងអស់បានបើកដំណើរការច្រើន ទទួលភ្ញៀវទេសចរ យ៉ាងច្រើនកុះករដូចបានរៀបរាប់ខាងលើ។

បើតាមឯកឧត្ដម ថោង ខុន តួលេខខាងលើមិនបានរាប់បញ្ចូលប្រជាពលរដ្ឋដែលទៅជួបជុំទទួលអាហារជាលក្ខណៈក្រុមគ្រួសារនៅតាមអាហារដ្ឋាន និងកន្លែងដែលមានរៀបចំជាខ្យូស (Kiosque) អង្គុយលេងញ៉ាំអាហារ និងចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលបានរៀបចំជាកម្មវិធីជួបជុំនៅរាំលេងកម្សាន្ត ជះទឹក លាបម្សៅតាមគេហដ្ឋាន និងតាមភូមិស្រុកផងទេ។

ទោះបីចរន្តភ្ញៀវមានភាពកកកុញយ៉ាងណាក៏ដោយ ប៉ុន្តែកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត រួមជាមួយកម្លាំងប្រជាការពារនៅតាមភូមិឃុំបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងការធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធា្លប់ និងចរាចរណ៍ ទាំងនៅតាមផ្លូវជាតិ ទីប្រជុំជនក្នុងទីរួមខេត្ត កន្លែងប្រារព្ធកម្មវិធីសង្រ្កាន្ត រួមទាំងគោលដៅទេសចរណ៍នានា ទោះបីប្រឈមនឹងអាកាសធាតុក្ដៅ និងហាលភ្លៀងពេលខ្លះក៏ដោយ។

មន្ទីរទេសចរណ៍សហការជាមួយមន្ទីរជំនាញនៃរដ្ឋបាលរាជធានីខេត្ត បានចាត់តាំងក្រុមការងារចុះប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវ ការពង្រឹងការអនុវត្តន៍វិធានសុវត្ថិភាព និង SOP ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ និងបញ្ចៀសការលក់ឡើងថ្លៃហួសហេតុ និងបញ្ហាបរិស្ថាន អនាម័យជាដើម ដែលក្នុងរយៈពេល៣ថ្ងៃនេះហាក់មិនមានបាតុភាពធំដុំណាមួយកើតឡើងឡើយ៕

ប្រភព៖information.gov.kh

kpc

Leave a Reply

Your email address will not be published. Required fields are marked *